សាវតា

     ចាប់ពីឆ្នាំ២០១១ កន្លងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារថ្នាក់ជាតិដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនចំនួន១២លើករួចមកហើយ ប្រកបដោយភាពជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងដល់ការអភិវឌ្ឍទីផ្សារការងារកម្ពុជា។ ក្នុងឆ្នាំ២០២៣នេះ កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងត្រូវបានរៀបចំសាជាថ្មីរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃសុក្រ ១២រោច ដល់ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO)។


     ពិព័រណ៍ការងារថ្នាក់ជាតិនេះ នឹងត្រូវបានរៀបចំនៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រដ៏ធំទូលាយនឹងអាចទាក់ទាញ និងកៀរគរអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងនំាមកនូវក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលល្បីឈ្មោះ អង្គការជាតិ-អន្ដរជាតិ ព្រមទាំងក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមដាក់តាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណជាង២ម៉ឺនកន្លែង ដែលនឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម មគ្គទេសក៍ និងបទពិសោធន៍សម្រាប់ឈានចូលទីផ្សារការងារព្រមទាំងឱកាសបណ្តុះបណ្តាលជំនាញ។ ទន្ទឹមនឹងនេះកម្មវិធីនេះក៏នឹងមាន​រួមបញ្ចូលសិក្ខាសាលាស្តីពី ផលិតភាពថ្នាក់ជាតិក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងបំផុសគំនិតទាក់ទងនឹងផលិតភាពតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗពីសំណាក់វាគ្មិនជំនាញៗ និងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបង្កើនផលិតភាពការងារ និងបង្ហាញពីការវិវត្តបច្ចេកវិទ្យាថ្មីៗដែលប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍមួយចំនួនប្រើប្រាស់ដើម្បីគ្រប់គ្រងការងារ និងខ្សែសង្វាក់ផលិតកម្ម ជាពិសេសបំផុសស្មារតី និងពង្រីកប្រសិទ្ធភាពការងារក្នុងបរិបទការងារតាមគន្លងប្រក្រតីថ្មី។


គោលបំណង

គោលបំណងសំខាន់ៗនៃការរៀបចំពិព័រណ៍ការងារ នាពេលនេះរួមមាន៖

  • - បន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើកំពុងមានតម្រូវការការងារ
  • - និយោជក និងអ្នកស្វែងរកការងារអាចជ្រើសរើសបុគ្គលិក និងដាក់ពាក្យសុំការងារផ្ទាល់ ឬសម្ភាសការងារនៅនឹងកន្លែងដោយស្រួល
  • - បង្កើតឱ្យមានវេទិកាការងារដ៏ធំជួបជុំគ្នានៅមួយកន្លែង ដោយងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ
  • - បន្តជម្រុញលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារ តាមរយៈសិក្ខាសាលាផលិតភាព

កម្មវិធីពិព័រណ៍ការងារ និងផលិតភាពថ្នាក់ជាតិ ឆ្នាំ២០២៣

 ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ មានរយៈពេល២ថ្ងៃ៖

  •   - ចាប់ពីថ្ងៃសុក្រ ១២រោច ដល់ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣
  •   - ចាប់ផ្តើមពីម៉ោងៈ ០៧:៣០ នាទីព្រឹក - ១៧:០០ នាទីរសៀល
  •   - មជ្ឍមណ្ឌលកោះពេជ្រ អគារA និងB

ការតាំងបង្ហាញបញ្ជររបស់ក្រុមហ៊ុន

  •   - ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ដែលក្នុងនោះមានព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាងប្រមាណ ២០,០០០កន្លែង
  •   - អ្នកចូលរួមទស្សនា(រំពឹងទុក)ចំនួន៣០,០០០នាក់

ដៃគូសហការរៀបចំ

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ នឹងត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការភីផលអីននិត ( People In Need Cambodia) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្តាល និងអង្គការជាតិ-អន្ដរជាតិ។

និយោជកជ្រើសរើសកម្លាំងពលកម្ម